ព្រះសីហនុអើយអ្នកប្រែហើយ…ធ្លាប់តែអ៊ូអរប្រែជាស្ងាត់ដូចចោរលួចសេះ !
ខេត្តព្រះសីហនុ ៖ ម្ចាស់តូបលក់ម្ហូបអាហារនៅតាមបណ្តោយឆ្នេរអូរឈើទាល និងឆ្នេរព្រែកត្រែងសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងដូចគ្នាថា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើងឆ្នាំ២០១៨កន្លងមកថ្មីៗនេះខុសប្លែកពីឆ្នាំមុនៗចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមានការធ្លាក់ចុះស្ទើរតែមិនគួរឲ្យជឿនៅក្នុងចិត្ត ។
ខណៈដែលតាមវិថីនានានៅក្នុងក្រុងមានសភាពស្ងប់ស្ងាត់មិនមានការកកស្ទះចរាចរណ៍ និងនៅតាមតំបន់ឆ្នេរដែលជាកន្លែងកម្សាន្តនៅក្នុងខេត្តក៏មានសភាពស្ងប់ស្ងាត់ប្លែកតែម្តង ខុសប្លែកពីថ្ងៃបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០១៧កន្លងមកចំនួនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិបានធ្វើដំណើរចូលមកលេងកម្សាន្តជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃ០១រោច ខែភទ្របទ ដែលជាថ្ងៃកាន់បិណ្ឌទី០១រហូតដល់ថ្ងៃចុងបញ្ចប់ចំនួនភ្ញៀវទេសចរណ៍បានធ្វើដំណើរចូលមកលេងនៅតាមតំបន់ឆ្នេរ និងរមណីយដ្ឋាននានានៅក្នុងខេត្តព្រះសីហនុស្ទើរតែរកតុកន្លែងសម្រាប់ឲ្យភ្ញៀវអង្គុយមិនបានផង ។ប្រភពខាងលើបានបន្តឲ្យដឹងក្នុងទឹកមុខស្រងូតស្រងាត់ថា ពួកគាត់ជាអាជីវករលក់ដូរម្ហូបអាហារនៅតាមតំបន់ឆ្នេរសមុទ្រឲ្យតែដល់រដូវកាលបុណ្យទានប្រពៃណីជាតិយើងម្តងៗកាលពីឆ្នាំមុនៗតែងតែរំពឹងទុកលើមុខរបរលក់ម្ហូបអាហារសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ។ជាចៃដន្យឆ្នាំនេះក្តីរំពឹងទុកត្រូវរលាយបាត់អស់ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា មានបញ្ហាច្រើនយ៉ាងដែលជាប្រភពដើមចមបណ្តាលឲ្យភ្ញៀវទេសចរណ៍មានការធ្លាក់ចុះដូចជា ៖-ស្ថានភាពផ្លូវដែលរងការខូចខាតនៅក្នុងរដូវវស្សាមិនទាន់បានជួសជុលឡើងវិញ បង្ករការលំបាកក្នុងការធ្វើដំណើរដល់ភ្ញៀវទេសចរណ៍។-បន្ទាប់ពីលំហូរចូលការវិនិយោគជនជាតិបរទេស(ចិន)យ៉ាងច្រើន ផ្ទះសំណាក់ សណ្ឋារគារ អូតែល ។ល។ ត្រូវបានជួលឲ្យទៅឲ្យជនជាតិបរទេសស្ទើរតែអស់បង្កការលំបាកសម្រាប់ភ្ញៀវទេសចរណ៍ដែលមានបំណងមកសម្រាកលំហែរកាយជាលក្ខណៈគ្រួសារ ។-ហាងលក់អាហារ ភេសជ្ជៈនៅក្នុងក្រុងមួយចំនួន ឬហាងលក់ម្ហូបអាហារនៅតាមបណ្តោយឆ្នេរអូរឈើទាលត្រូវបានជួលទៅឲ្យជនបរទេស(ជនជាតិចិន)ស្ទើរតែអស់និងលក់មុខម្ហូបតម្រូវតាមបែបជនជាតិគេក្នុងតម្លៃខ្ពស់ ។ប្រភពខាងលើបានគូសបញ្ជាក់ថាអ្វី ដែលគាត់បានរៀបរាប់ខាងលើនេះហើយជាកក្តាដែលធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិមានការធ្លាក់ចុះ ។តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍ដែលបានមកសម្រាកកំសាន្តនៅខេត្តព្រះសីហនុរយៈពេល០៣ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរណ៍សរុប៧៩៥៨៧នាក់បើប្រៀបធៀបទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៧កន្លងមកមានការថយចុះ១៣,៤៩% ។ក្នុងចំនួនភ្ញៀវខាងលើភ្ញៀវជាតិមានចំនួន៧៣១៧៧នាក់បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧មានការថយចុះ១៦,២៧% ។ ចំនួនភ្ញៀវអន្តរជាតិមានចំនួន៦៤១០នាក់បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧មានការកើនឡើង៣៩,៣៤% ៕
ប្រភព:សារព័ត៌មានកោះសន្តិភាព អ្នករៀបរៀងដោយ: BROTNG OFFICIAL
No comments:
Post a Comment