កាលពីវេលាម៉ោងប្រមាណ ៥ ទាបភ្លឺ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៩ មានហេតុការណ៍បាក់រលំអាគារមួយកន្លែងនៅឯក្រុងព្រះសីហនុ បណ្តាលឲ្យមានចំនួនមនុស្សជាប់គាំងក្នុងគំនរ ព្រមទាំងខូចខាតទ្រព្យសម្បត្តិជាច្រើនទៀតដែលនៅក្បែរកន្លែងកើតហេតុ ហើយមកដល់ពេលនេះគឺសមត្ថកិច្ច និងកម្លាំងសង្គ្រោះបន្ទាន់មិនទាន់កំនត់ថាមានមនុស្សប៉ុន្មាននាក់ស្លាប់ និងរងរបួសឡើយ។
បើតាមការបញ្ជាក់របស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Huy Bunleng បានរៀបរាប់អោយដឹងថា៖ ក្រុងព្រះសីហនុ-អាគារកំពុងសង់ថ្មីមួយកន្លែងនៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ បានបាក់រលំ កាលពីវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២មិថុនា២០១៩នេះ ដែលជាមហន្តរាយលើកដំបូងសម្រាប់វិសយ័សំណង់នៅខេត្តព្រះសីហនុ។ សេចក្តីរាយការណ៏បឋមពីកន្លែងកើតហេតុអោយដឹងថា មានមនុស្សមួយចំនួនជាប់ក្នុងគំនរអាគាររំបាក់នេះ ហើយសមត្ថកិច្ចនិងក្រុមសង្គ្រោះក៏បានអន្តរាគមន៍ភ្លាមៗដែរ។
ឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុដែលដឹកនាំកម្លាំងជួយសង្គ្រោះផ្ទាល់មានប្រសាសន៏ប្រាប់ជាបឋមថា គិតមកត្រឹមម៉ោងជិត៩ព្រឹកថ្ងៃដដែល នៅមានមនុស្ស៣នាក់បានស្លាប់និងជាង១០នាក់ទៀតរងរបួស ហើយជនរងគ្រោះភាគច្រើនជាកម្មករសំណង់។ បើតាមឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ចំនួនជនរងគ្រោះអាចនឹងកើនឡើងថែមទៀត ក្រោយគំនរបាក់បែកបានកាយរួច ក្នុងនោះសមត្ថកិច្ចចម្រុះនិងក្រុមសង្គ្រោះរាប់រយនាក់ត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុ ដើម្បីអន្តរាគមន៍បន្ថែម។ មន្ត្រីផ្លូវការនានាថ្លែងថា ការរលំបាក់អាគារនេះគឺបណ្តាលមកពីបញ្ហាបច្ចេកទេសសាងសង់ និងថាបច្ចុប្បន្នអ្នកទទួលខុសត្រូវសំណង់នេះ ដែលជាស្ត្រីជនជាតិចិន១រូបត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរហើយ.
No comments:
Post a Comment